ជិតមកដល់
សព្វថ្ងៃនេះ យើងច្រើនតែឃើញគេផ្សាយពាណិជ្ជកម្ម អំពី “ការជិតមកដល់” នៃកម្មវិធីកម្សាន្ត ឬការប្រកួតកីឡាណាមួយ ឬក៏ការបញ្ចេញនូវបច្ចេកវិទ្យាចុងក្រោយជាដើម។ គោលដៅនៃការប្រកាសនេះ គឺដើម្បីធ្វើឲ្យប្រជាជនមានការរំពឹងរង់ចាំ ដោយចិត្តរំភើបរីករាយ ចំពោះការអ្វីដែលនឹងកើតឡើង ទោះបីជាត្រូវរង់ចំាជាច្រើនខែទៀតក៏ដោយ។
ពេលខ្ញុំអានកណ្ឌគម្ពីរវិវរណៈ ខ្ញុំមានការស្ងើចសរសើរ ចំពោះសេចក្តីបង្រៀនអំពីហេតុការណ៍ជាច្រើន ដែល“ជិតមកដល់” ដែលមានចែងក្នុងកណ្ឌនេះទំាងមូល។ បទគម្ពីរមិនបានចែងថា “ព្រះយេស៊ូវនឹងយាងមកដល់ នៅថ្ងៃណាមួយ ក្នុងពេលអនាគតដ៏វែងឆ្ងាយ” នោះឡើយ តែមានបទគម្ពីរជាច្រើន ដែលចែងថា “អស់ទាំងការ ដែលបន្តិចទៀតត្រូវកើតមានមក”(១:១) និងមានឃ្លាដែលថា “ពេលវេលានោះជិតដល់ហើយ”(ខ.៣)។ ក្នុងជំពូកចុងក្រោយនៃកណ្ឌគម្ពីរវិវរណៈ ព្រះអម្ចាស់បានមានបន្ទូលបីដងថា ព្រះអង្គនឹងមកជាឆាប់(វិវរណៈ ២២:៧,១២,២០)។
ចាប់តាំងពីពេលដែលព្រះអង្គមានបន្ទូលដូចនេះ គឺមានរយៈពេលជាង២ពាន់ឆ្នាំហើយ ដូចនេះ ពាក្យថា “នឹងមកជាឆាប់” ពិតជាពិបាកនឹងឲ្យយើងយល់ណាស់ បើតាមបទពិសោធន៍របស់យើង។
ព្រះអង្គមិនបានឲ្យយើងផ្តោតទៅលើកាលបរិច្ឆេទ នៃការយាងមកវិញរបស់ព្រះអង្គទេ ផ្ទុយទៅវិញ ព្រះអម្ចាស់បានជំរុញយើង ឲ្យផ្តោតទៅលើព្រះបន្ទូលសន្យារបស់ព្រះអង្គ ដែលនឹងបានសម្រេច។ ព្រះអង្គបានត្រាសហៅយើង ឲ្យរស់នៅថ្វាយព្រះអង្គ ក្នុងពេលបច្ចុប្បន្ន “ទាំងរង់ចាំសេចក្តីសង្ឃឹមដ៏មានពរ គឺឲ្យបានឃើញដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ជាធំ និងព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង”(ទីតុស ២:១៣)។-David McCasland
ច្រឡំអត្តសញ្ញាណ
ស្កុត ក្រោឌ័រ(Scott Crowder) ជាប្អូនប្រុសពៅរបស់ខ្ញុំ ដែលបានចាប់កំណើត ពេលខ្ញុំកំពុងរៀននៅវិទ្យាល័យ។ ដូចនេះ យើងមានអាយុខុសគ្នាខ្លាំងណាស់ បានជាមានរឿងគួរឲ្យចាប់អារម្មណ៍ជាច្រើន ពេលដែលគាត់ដល់វ័យត្រូវចូលរៀននៅសកលវិទ្យាល័យ។ ពេលគាត់ចាប់ផ្តើមការធ្វើដំណើរជាលើកដំបូង ទៅសកលវិទ្យាល័យ ខ្ញុំនឹងម្តាយរបស់យើងបានរួមដំណើរជាមួយគាត់។ ពេលយើងទៅដល់សកលវិទ្យាល័យ មនុស្សនៅទីនោះបានច្រឡំថា ខ្ញុំជាឪពុករបស់គាត់ ហើយម្តាយរបស់យើងជាយាយរបស់គាត់។ យើងក៏បានប្រាប់គេកុំឲ្យច្រឡំ តែក្រោយមក យើងក៏ឈប់ប្រាប់គេទៀត។ ទោះបីជាយើងបានធ្វើ ឬនិយាយអ្វីក៏ដោយ ក៏ទំនាក់ទំនងដ៏ពិតប្រាកដ ដែលយើងមានជាគ្រួសារ បានធ្វើឲ្យគេលែងយល់ច្រឡំទៀត។
មានពេលមួយ ព្រះយេស៊ូវបានសួរពួកផារិស៊ីថា “អ្នករាល់គ្នាគិតពីព្រះគ្រីស្ទដូចម្តេច តើទ្រង់ជាព្រះវង្សអ្នកណា”។ នោះគេទូលឆ្លើយថា ព្រះអង្គ“ជាព្រះវង្សហ្លួងដាវីឌ”(ម៉ាថាយ ២២:៤២)។ ការស្គាល់អត្តសញ្ញាណរបស់ព្រះមែស៊ី គឺពិតជាសំខាន់ណាស់។ ពួកគេក៏បានឆ្លើយត្រូវហើយ ប៉ុន្តែ ចម្លើយរបស់ពួកគេមិនទាន់ពេញលេញទេ។ ព្រះគម្ពីរបានបញ្ជាក់ថា ព្រះមែស៊ីនឹងយាងមក ហើយសោយរាជ្យនៅលើបល្ល័ង្ករបស់ព្រះវង្គហ្លួងដាវីឌ។ ប៉ុន្តែ ព្រះយេស៊ូវបានរំឭកពួកគេថា ស្តេចដាវីឌនឹងបានធ្វើជាព្ធយុកោរបស់ព្រះគ្រីស្ទ ហើយជាងនេះទៅទៀត ស្តេចដាវីឌក៏បានហៅព្រះអង្គថា “ព្រះអម្ចាស់”។
ពេលព្រះយេស៊ូវសួរលោកពេត្រុស ដោយសំណួរដូចនេះដែរ គាត់បានឆ្លើយយ៉ាងត្រឹមត្រូវថា “ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់”(១៦:១៦)។ សព្វថ្ងៃនេះ អត្តសញ្ញាណរបស់ព្រះយេស៊ូវសំខាន់លើសអ្វីៗទាំងអស់ ហើយក៏សំខាន់អស់កល្បជានិច្ចផង បានជាយើងមិនត្រូវមានការយល់ដឹងខុស អំពីអត្ថសញ្ញាណរបស់ព្រះអង្គឡើយ។-Bill Crowder
ការប្តេជ្ញាចិត្ត
ក្នុងអំឡុងពេលទូរទស្សន៍កំពុងផ្សាយពត៌មាន អំពីទុក្ខវេទនារបស់ជនភាសខ្លួន ដែលបានរត់គេចចេញពីប្រទេស ដែលកំពុងតែហិនហោចដោយសារសង្រ្គាម ខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំងចំពោះពាក្យសម្តីរបស់ក្មេងស្រីម្នាក់ អាយុ១០ឆ្នាំ។ ទោះបីជាជនភាសខ្លួនទាំងនោះ មិនងាយនឹងបានត្រឡប់មកផ្ទះរបស់ខ្លួនវិញក៏ដោយ ក៏នាងនៅតែបង្ហាញចេញនូវទឹកចិត្តដែលមិនព្រមបោះបង់ចោលដោយងាយៗ។ នាងនិយាយប្រាប់គេ ដោយការប្តេជ្ញាចិត្តដ៏ស្ងាត់ស្ងៀមថា “ពេលខ្ញុំត្រឡប់ទៅវិញ ខ្ញុំនឹងទៅលេងអ្នកជិតខាងរបស់ខ្ញុំ ខ្ញុំនឹងលេងជាមួយមិត្តភ័ក្តរបស់ខ្ញុំ។ ប៉ាខ្ញុំថា យើងអត់មានផ្ទះនៅទៀតទេ តែខ្ញុំប្រាប់គាត់ថា យើងនឹងជួសជុលផ្ទះយើងឡើងវិញ”។
យើងអាចមានការប្តេជ្ញាចិត្ត ក្នុងការរស់នៅ ជាពិសេស នៅពេលដែលការប្តេជ្ញាចិត្តនោះ បានចាក់ឫសចូលទៅក្នុងសេចក្តីជំនឿលើព្រះ និងសេចក្តីស្រឡាញ់ចំពោះអ្នកដទៃ។ យ៉ាងណាមិញ កណ្ឌគម្ពីរនាងរស់ បាននិយាយអំពីស្រ្តីបីនាក់ ដែលបានរស់នៅជាមួយគ្នា ដោយសោកនាដកម្ម។ បន្ទាប់ពីប្តីរបស់នាងណាអូមី និងកូនប្រុសទាំងពីរនាក់របស់នាងបានស្លាប់អស់ នាងក៏បានសម្រេចចិត្តត្រឡប់ទៅស្រុកកំណើតរបស់នាង នៅភូមិបេថ្លេហិមវិញ ហើយនាងបានជម្រុញឲ្យកូនប្រសាស្រីទាំងពីរនាក់ ដែលជាស្រ្តីមេម៉ាយ បន្តរស់នៅក្នុងស្រុកម៉ូអាប់។ នាងអ័រប៉ាបានបន្តរស់នៅក្នុងស្រុកនោះទៀត តែនាងរស់បានស្បថថា នាងនឹងទៅតាមនាងណាអូម៊ីគ្រប់ទីកន្លែង គឺដូចដែលនាងបាននិយាយថា “សាសន៍របស់អ្នកម្តាយនឹងបានជាសាសន៍របស់ខ្ញុំ ហើយព្រះរបស់អ្នកម្តាយនឹងបានជាព្រះរបស់ខ្ញុំដែរ”(នាងរស់ ១:១៦)។ ពេលនាងណាអូមីឃើញថា នាងរស់ “ប្តេជ្ញាចិត្តនឹងទៅតាមដូច្នោះហើយ នោះគាត់ក៏លែងនិយាយទៅ”(ខ.១៨) ហើយពួកគេក៏បានចាប់ផ្តើមចេញដំណើរជាមួយគ្នា។
ជួនកាល ភាពមានៈមានឫសគល់នៅក្នុងសេចក្តីអំណួត តែការប្តេជ្ញាចិត្តមានភាពរឹងមាំកាន់តែខ្លាំង ដោយសារសេចក្តីស្រឡាញ់។ ពេលព្រះយេស៊ូវយាងទៅរកឈើឆ្កាង “ព្រះអង្គតម្រង់ព្រះភក្ត្រ យាងឆ្ពោះត្រង់ទៅឯក្រុងយេរូសាឡិម”(លូកា ៩:៥១)។ ព្រះអង្គបានប្តេជ្ញាចិត្តថា នឹងសុគតជួសយើងរាល់គ្នា ទាល់តែបានសុគត…
ស្ថានសួគ៌អរសប្បាយ
យ៉ូអាន(Joann) បានទទួលការចិញ្ចឹមបីបាច់ នៅក្នុងគ្រួសារគ្រីស្ទបរិស័ទមួយ។ ប៉ុន្តែ ពេលនាងទៅរៀននៅមហាវិទ្យាល័យ នាងក៏ចាប់ផ្តើមមានការសង្ស័យចំពោះសេចក្តីជំនឿរបស់ខ្លួន ហើយក៏បានដើរចេញឆ្ងាយពីព្រះ។ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ នាងក៏បានធ្វើដំណើរទៅកាន់ប្រទេសជាច្រើន ដែលនៅទីនោះ នាងតែងតែខំស្វែងរកសុភមង្គល ប៉ុន្តែ មិនដែលរកបានដូចបំណងទេ។ ពេលដែលនាងកំពុងតែជួបទុក្ខលំបាក នាងក៏បានដឹងខ្លួនថា ព្រះកំពុងតាមរកនាង ហើយនាងត្រូវការព្រះអង្គ។
យ៉ូអានក៏បានទូរស័ព្ទពីប្រទេសអាឡឺម៉ង់ ទៅឪពុកម្តាយ នៅសហរដ្ឋអាមរិក ហើយជម្រាបពួកគាត់ថា នាងបានថ្វាយជីវិតដល់ព្រះគ្រីស្ទ ហើយព្រះអង្គបានធ្វើឲ្យជីវិតនាងផ្លាស់ប្រែ! នាងបានសុំទោសពួកគាត់ ដែលបានធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ។ ឪពុកម្តាយរបស់នាងមានការរំភើបចិត្តណាស់ បានជាពួកគាត់ទូរស័ព្ទហៅបងប្រុស និងបងថ្លៃស្រីរបស់នាង ឲ្យមកផ្ទះពួកគាត់ភ្លាម។ ពួកគាត់ចង់ប្រាប់អ្នកទាំងពីរអំពីដំណឹងដ៏រំភើបរីករាយនោះ ដោយផ្ទាល់។ ពួកគាត់មានប្រសាសន៍ទៅកាន់ពួកគេ ទាំងអំណរលាយទឹកភ្នែកថា “ប្អូនស្រីរបស់កូនបានទទួលព្រះគ្រីស្ទហើយ!”
យ៉ាងណាមិញ ស្រ្តីដែលមានចែងក្នុងបទគម្ពីរលូកា ជំពូក១៥ បានរកឃើញកាក់ដែលនាងបានបាត់ ហើយក៏បានហៅមិត្តភ័ក្ត និងអ្នកជិតខាងឲ្យមកអរសប្បាយជាមួយនាងទាំងអស់គ្នា(ខ.៩)។ ព្រះយេស៊ូវបានមានបន្ទូលអំពីរឿងនេះ និងអំពីរឿងផ្សេងទៀត (ដូចជារឿងសត្វចៀមដែលបាត់ និងរឿងកូនពៅវង្វេង) ទៅកាន់បណ្តាជន ដែលជាអ្នកកាន់សាសនានៅសម័យនោះ ដើម្បីបង្ហាញពួកគេ អំពីការដែលព្រះអង្គយាងចុះមកក្នុងលោកិយ ដើម្បីស្វែងរកមនុស្សមានបាបដែលកំពុងបាត់បង់។ ពេលដែលយើងទទួលអំណោយនៃសេចក្តីសង្រ្គោះរបស់ព្រះ ទាំងអ្នកនៅផែនដី និងអ្នកដែលនៅស្ថានសួគ៌នាំគ្នាអរសប្បាយយ៉ាងខ្លាំង។ គឺដូចដែលព្រះយេស៊ូវមានបន្ទូលថា “ខ្ញុំប្រាប់អ្នករាល់គ្នាថា ក៏មានសេចក្តីអំណរ នៅមុខពួកទេវតានៃព្រះយ៉ាងនោះដែរ ដោយសារមនុស្សបាបតែ១នាក់ ដែលប្រែចិត្តវិញ”(ខ.១០)។ ពិតជាអស្ចារ្យណាស់ ដែលព្រះយេស៊ូវបានយាងចុះមករកយើងរាល់គ្នា…
ក្លិនដ៏ក្រអូប
មានក្លិនខ្លះ ធ្វើឲ្យយើងមិនអាចបំភ្លេចបាន។ ថ្មីៗនេះ ស្វាមីរបស់ខ្ញុំបានប្រាប់ខ្ញុំថា ក្រែមសម្រាប់កោរពុកមាត់គាត់ ជិតអស់ហើយ។ ខ្ញុំក៏ប្រាប់គាត់ថា “ពេលអូនទៅផ្សា អូននឹងទិញឲ្យបង”។ គាត់ក៏យកកំប៉ុងក្រែមនោះ មកសួរខ្ញុំថា “តើអូនអាចរកទិញម៉ាកនេះឲ្យបងបានទេ? បងចូលចិត្តក្លិនវា ប៉ាបងគាត់ប្រើតែម៉ាកមួយនេះឯង”។ ខ្ញុំក៏ញញឹម ដោយនឹកចាំអំពីអនុស្សាវរីយកាលពីវ័យកុមារ ដែលកាលនោះ ម្តាយរបស់ខ្ញុំចូលចិត្តប្រើសាប៊ូតែមួយម៉ាក សម្រាប់កក់សក់ឲ្យខ្ញុំ។ យើងទាំងពីរនាក់ប្តីប្រពន្ធ សុទ្ធតែនឹកចាំអំពីមនុស្សជាទីស្រឡាញ់របស់យើង ដោយសារក្លិនដ៏ក្រអូបនៃរបស់ដែលយើងចូលចិត្តប្រើ។
លោកអូលីវើ វេដេល ហូម(Oliver Wendell Holmes) បានមានប្រសាស៍ថា “ក្លិនងាយនឹងធ្វើឲ្យមនុស្សនឹកឃើញការចងចាំ ក្តីស្រម៉ៃ អនុស្សាវរីយចាស់ៗ និងចំណងទាក់ទង បានយ៉ាងងាយជាងរស់ជាតិ ឬសម្លេង”។
ចុះបើសិនជាជីវិតយើង បានបញ្ចេញក្លិនដ៏ក្រអូប ដែលទាក់ទាញអ្នកដទៃឲ្យមករកព្រះវិញ តើប្រសើរយ៉ាងណាដែរ? ត្រង់ចំណុចនេះ បទគម្ពីរ ២កូរិនថូស ២:១៥ បានចែងថា “ដ្បិតយើងខ្ញុំជាក្លិនក្រអូបនៃព្រះគ្រីស្ទដល់ព្រះ នៅក្នុងពួកមនុស្សដែលកំពុងតែបានសង្គ្រោះ ហើយក្នុងពួកអ្នកដែលកំពុងតែវិនាសទៅដែរ”។ ក្លិនរបស់យើង ជាទីសព្វព្រះទ័យដល់ព្រះ ប៉ុន្តែ វាក៏ទាក់ទាញអ្នកដទៃ ឲ្យមករកព្រះអង្គ ឬទប់ទល់នឹងពួកគេ។ យើងដែលជាអ្នកដែលមានការយល់ដឹង អំពីការលះបង់របស់ព្រះយេស៊ូវ មានឱកាសធ្វើជា “ក្លិនក្រអូបនៃព្រះគ្រីស្ទ” នឹងធ្វើឲ្យគេនឹកចំាអំពីព្រះអង្គ។
ក្លិនដ៏ក្រអូបនៃការមានលក្ខណៈដូចព្រះគ្រីស្ទ អាចជាការទាក់ទាញអ្នកដទៃឲ្យមករកព្រះអង្គសង្រ្គោះ ដោយមិនអាចប្រកែកបាន។-Cindy…
ការយល់ដឹងពីពពកនៅលើមេឃ
ខ្សែភាពយន្ត ដែលមានចំណងជើងថា “ស្លាបបក្សី” ជាខ្សែភាពយន្តដែលនិយាយអំពីអាកាសយានិកអាមេរិកពីរនាក់ ក្នុងសម័យសង្រ្គាមលោកលើកទី១។ នៅឆ្នាំ ១៩២៧ ខ្សែភាពយន្តនេះ ក៏បានក្លាយជាខ្សែភាពយន្តទីមួយ ដែលបានទទួលពានរង្វាន់អូស្កា សម្រាប់រូបភាពដែលល្អដាច់គេ។ ពេលដែលគេកំពុងផលិតរឿងនេះ គេបានផ្អាកការថត អស់ជាច្រើនថ្ងៃ។ ផលិតកររបស់រឿងនេះ មានចិត្តតប់ប្រមល់ណាស់ បានជាគាត់សួរអ្នកដឹកនាំរឿង អំពីមូលហេតុដែលមានការអាក់ខានដូចនេះ។ គាត់បានឆ្លើយតបថា “បញ្ហានេះគឺបណ្តាលមកពីផ្ទៃមេឃស្រឡះពេក។ គេអាចថតឈុតប្រយុទ្ធគ្នានៅលើអាកាសបានច្បាស់ បើសិនជាមានពពកច្រើន។ ដូចនេះ ពពកជួយឲ្យគេមើលឃើញយន្តហោះប្រយុទ្ធគ្នាច្បាស់”។ គាត់មានប្រសាសន៍ត្រឹមត្រូវណាស់។ ទាល់តែមានពពក នៅផ្ទៃខាងក្រោយ ទើបទស្សនិកជនអាចមើលឃើញការប្រយុទ្ធគ្នា នៅលើអាកាសបានច្បាស់ល្អ។
ជាញឹកញាប់ យើងច្រើនតែចង់ឲ្យផ្ទៃមេឃស្រឡះ ជាជាងមានពពកខ្មៅច្រើន។ ប៉ុន្តែ ផ្ទៃមេឃដែលមានពពក អាចបង្ហាញឲ្យយើងឃើញភាពស្មោះត្រង់របស់ព្រះ។ ពេលដែលយើងងាកមកមើលភាពអាប់អួរ ដែលដូចជាពពកនៅលើមេឃ យើងអាចដឹងថា ព្រះអម្ចាស់មានព្រះទ័យស្មោះត្រង់យ៉ាងណា ក្នុងពេលដែលយើងកំពុងមានទុក្ខលំបាក។
ពេលលោកយ៉ូប ចាប់ផ្តើមជួបទុក្ខវេទនាដ៏ធ្ងន់ធ្ងរ គាត់បានពោលទំនួញថា “សូមឲ្យថ្ងៃដែលខ្ញុំកើតមកត្រូវវិនាសទៅ … សូមឲ្យមានពពកនៅជាប់ពីលើ ហើយសូមឲ្យសូរ្យគ្រាសមកបំភ័យផង”(៣:៣-៥)។ គាត់បានបន្តជួបភាពអស់សង្ឃឹមអស់មួយរយៈពេលវែង បន្ទាប់មក ព្រះអង្គក៏មានបន្ទូលមកកាន់គាត់។ លោកយ៉ូបក៏បានពោលថា “កាលពីដើមត្រចៀកទូលបង្គំបានគ្រាន់តែឮថ្លែងពីទ្រង់ប៉ុណ្ណោះ តែឥឡូវនេះ ភ្នែកទូលបង្គំបានឃើញទ្រង់ជាក់វិញ”(៤២:៥)។ ពេលនោះ លោកយ៉ូបបានជួបព្រះអាទិករដ៏មានចេស្តា ហើយគាត់ក៏បានយល់ច្បាស់ អំពីបំណងព្រះទ័យព្រះ។
តើពពកនៃបញ្ហា បានគ្របបាំងផ្ទៃមេឃរបស់អ្នក…
អាហារសម្រាប់ចិត្ត
ខ្ញុំចូលចិត្តអាហារ! ខ្ញុំចូលចិត្តមើលអាហារដែលគេបានរៀបយ៉ាងស្អាត នៅលើតុ ហើយខ្ញុំចូលចិត្តក្រេបយករស់ជាតិរបស់អាហារទាំងនោះបន្តិចម្តងៗ។ បើសិនជាខ្ញុំអាចញាំអាហារបានតាមចិត្ត នោះខ្ញុំនឹងញ្ញាំឲ្យបានកាន់តែញឹកញាប់ ទោះបីជាវានឹងបណ្តាលឲ្យខ្ញុំឡើងគីឡូក៏ដោយ។ តែវាជាការប្រសើរណាស់ ដែលភរិយារបស់ខ្ញុំដឹងថា ពេលណានាងត្រូវរំឭកខ្ញុំ ដោយក្តីស្រឡាញ់ ឲ្យញាំអាហារដែលនាំឲ្យមានសុខភាពល្អ ក្នុងបរិមាណដ៏ត្រឹមត្រូវ។
យ៉ាងណាមិញ ហោរាយេរេមាបានមានប្រសាសន៍ថា ពេលដែលគាត់បានឃើញព្រះបន្ទូល(ដោយរាប់បញ្ចូលទាំងព្រះបន្ទូល អំពីការជំនុំជម្រះរបស់ព្រះផង) គាត់បាន “ទទួលទាន”ភ្លាម(យេរេមា ១៥:១៦)។ ការនេះបានធ្វើឲ្យខ្ញុំសួរខ្លួនឯងថា តើខ្ញុំបានស្រេកឃ្លានព្រះបន្ទូលព្រះ ហើយទទួលទានព្រះបន្ទូលព្រះអង្គភ្លាមៗ ឲ្យបានញឹកញាប់ដូចលោកយេរេមាដែរឬទេ?
ជាការពិតណាស់ លោកយេរេមាមិនបាននិយាយសំដៅទៅលើ ការទទួលទាន ដោយយកព្រះបន្ទូលមកដាក់ចូលក្នុងមាត់ទំពារលេប ដូចអាហារធម្មតានោះទេ។ គាត់គ្រាន់តែចង់ប្រាប់យើងថា គាត់បានអានព្រះបន្ទូលព្រះអង្គ ហើយឲ្យព្រះបន្ទូលព្រះអង្គ បានជ្រួតជ្រាបក្នុងចិត្ត និងវិញ្ញាណរបស់គាត់។ នោះហើយជាបំណងព្រះហឫទ័យព្រះ។ ព្រះបន្ទូលជាអាហារខាងវិញ្ញាណ សម្រាប់ចិត្តរបស់យើង។ ពេលដែលយើងទទួលទានព្រះបន្ទូលព្រះ ព្រះវិញ្ញាណបរិសុទ្ធប្រទាននូវអំណាច ដើម្បីជួយឲ្យយើងលូតលាស់ កាន់តែមានលក្ខណៈដូចព្រះយេស៊ូវ។ ព្រះបន្ទូលកែប្រែរបៀបដែលយើងគិត អំពីព្រះ លុយ ខ្មាំងសត្រូវ អាជីព និងគ្រួសារ។ និយាយរួម ព្រះបន្ទូលព្រះ ពិតជាមានប្រយោជន៍ចំពោះយើងណាស់។
ដូចនេះ ចូរយើង “ទទួលទាន”ព្រះបន្ទូលព្រះ ឲ្យចិត្តស្កប់ស្កល់។ ខ្ញុំជឿថា អ្នកក៏មានគំនិតយល់ស្របនឹងហោរាយេរេមាផងដែរ នៅពេលដែលគាត់មានប្រសាសន៍ថា “ព្រះបន្ទូលរបស់ទ្រង់ជាសេចក្តីអំណរ ហើយជាទីរីករាយចិត្តដល់ទូលបង្គំ”(១៥:១៦)។-Joe Stowell…
ឈ្មោះមុខនាទី
ពេលដែលវិទ្យុប៊ីប៊ីស៊ី របស់ចក្រភពអង់គ្លេស បានធ្វើសំភាសស្រ្តីម្នាក់ ដោយសុំឲ្យនាងឲ្យឧទាហរណ៍ អំពីការងារដែលសំខាន់ ដែលគេមិនសូវស្គាល់ ហើយថែមទំាំងមានលក្ខណៈចម្លែក នាងក៏បានប្រាប់គេថា មានអ្នកនិពន្ធសៀវភៅម្នាក់បានដាក់ឈ្មោះឲ្យការងាររបស់នាងថា “អ្នកបច្ចេកទេសផ្នែកសេរ៉ាមិក នៅក្រោមទឹក”។ តាមពិត នាងជាអ្នកលាងចាន នៅភោជ្ជនីយដ្ឋានមួយ។ ជួនកាល គេដាក់ឈ្មោះចម្លែកៗឲ្យការងារសាមញ្ញៗ ដើម្បីឲ្យគេមានអារម្មណ៍ថា ការងារនោះហាក់ដូចជាសំខាន់ជាងមុន។
ក្នុងបទគម្ពីរអេភេសូរ ៤:១១ ពេលដែលសាវ័កប៉ុលរៀបរាប់ អំពីអំណោយទានមួយចំនួន ដែលព្រះបានប្រទានដល់ពួកជំនុំ គាត់មិនចង់ឲ្យគេយល់ថា អំណោយទានទាំងនោះ ជាមុខនាទីដែលខ្ពង់ខ្ពស់ជាងគេឡើយ។ យើងម្នាក់ៗដែលជាអ្នកជឿព្រះ ជាអវយវៈនៃរូបកាយព្រះគ្រីស្ទ ដែលសុទ្ធតែសំខាន់ និងមានភាពចាំបាច់ដូចគ្នា ដើម្បីឲ្យរូបកាយទាំងមូលមានដំណើរការបានល្អ។ គ្មានផ្នែកនៃរូបកាយមួយណា ដែលសំខាន់ជាងផ្នែកដទៃឡើយ។
អ្វីដែលសំខាន់នោះ គឺគោលបំណងនៃអំណោយទានទាំងនោះ។ ព្រះបានប្រទានអំណោយទានទាំងនោះមក ក្នុងគោលបំណងដើម្បី “នាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សម្រាប់ធ្វើការជំនួយ ហើយនឹងស្អាងរូបកាយព្រះគ្រីស្ទឡើង ទាល់តែយើងរាល់គ្នា…បានពេញជាមនុស្ស ហើយដល់ខ្នាតកំពស់នៃសេចក្តីពោរពេញផងព្រះគ្រីស្ទ”(ខ.១២-១៣)។
ឈ្មោះរបស់មុខនាទី មិនសូវសំខាន់ទេ។ អ្វីដែលសំខាន់នោះ គឺយើងបានពង្រឹងជំនឿរាស្រ្តរបស់ព្រះ។ ពេលដែលការងារដែលយើងធ្វើថ្វាយព្រះមានប្រសិទ្ធិភាព តាមខ្នាតគំរូដែលព្រះគម្ពីរបានប្រទានដល់យើង នោះវាមិនជាបញ្ហាអ្វីឡើយ ដែលយើងផ្លាស់ប្តូរមុននាទី ឬក៏លែងមានមុខនាទីនោះទៀត។ យើងបម្រើព្រះ ដើម្បីស្អាងអ្នកជឿព្រះ ដោយសេចក្តីស្រឡាញ់របស់ព្រះអង្គ ហើយអនុញ្ញាតឲ្យព្រះប្រទានការសរសើរដល់យើង តាមដែលព្រះអង្គបានឃើញជាក់ស្តែង(ម៉ាថាយ ២៥:២១)។-C.P.HIA
ចេះតែវង្វេងចេញ
បទ “ចូលមក អស់អ្នកដែលមានពរ” ស្ថិតក្នុងចំណោមបទចម្រៀងទំនុកដំកើង ដែលខ្ញុំចូលចិត្តជាងគេ។ បទនេះជាស្នាដៃនិពន្ធរបស់លោករ៉ូបឺត រ៉ូប៊ីនសិន(Robert Robinson) ដែលជាយុវជនក្នុងវ័យ២២ឆ្នាំ កាលពីឆ្នាំ១៧៥៧។ ក្នុងទំនុកបទនេះ មានវគ្គមួយ ដែលតែងតែធ្វើឲ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានជំរុញឲ្យខ្ញុំធ្វើការវាយតម្លៃខ្លួនឯង។ គឺវគ្គដែលច្រៀងថា “ឱព្រះអម្ចាស់ ទូលបង្គំចេះតែវង្វេងចេញ វង្វេងចេញពីព្រះដែលទូលបង្គំស្រឡាញ់”។ ពេលខ្លះ ខ្ញុំពិតជាមានអារម្មណ៍ថា កំពុងវង្វេងចេញពីព្រះអង្គ។ មានពេលជាច្រើនដងពេកហើយ ដែលមានអ្វីមួយមកបង្វែរអារម្មណ៍ខ្ញុំ ហើយខ្ញុំក៏បែកអារម្មណ៍ ដោយឈប់ផ្តោតទៅលើព្រះសង្រ្គោះដែលបានស្រឡាញ់ខ្ញុំ និងលះបង់ព្រះជន្មដើម្បីខ្ញុំ។ មិនមែនមានតែខ្ញុំ និងលោករូបឺត រ៉ូប៊ីនសិនទេ ដែលមានបញ្ហានេះ។
ពេលដែលយើងវង្វេងចេញពីព្រះ ចិត្តរបស់យើងមិនចង់រសាត់ចេញពីព្រះទេ តែយើងច្រើនតែធ្វើការអ្វី ដែលយើងមិនចង់ធ្វើ គឺមិនខុសពីសាវ័កប៉ុលឡើយ(រ៉ូម ៧:១៩) ហើយយើងចាំបាច់ត្រូវងាកមករកអ្នកគង្វាលនៃដួងចិត្តយើង ដែលនាំយើងឲ្យចូលមកជិតព្រះអង្គវិញ។ ត្រង់ចំណុចនេះ ស្តេចដាវីឌក៏បានមានបន្ទូលក្នុងទំនុកដំកើង ជំពូក១១៩ ដែលជាបទចម្រៀងដ៏ប្រសើររបស់ព្រះគម្ពីរ ដែលចែងថា “ទូលបង្គំបានស្វែងរកទ្រង់អស់ពីចិត្ត ឱសូមកុំឲ្យទូលបង្គំវង្វេងចេញពីសេចក្តីបង្គាប់របស់ទ្រង់ឡើយ”(ខ.១០)។
ជួនកាល សូម្បីតែនៅពេលដែលចិត្តរបស់យើងចង់ស្វែងរកព្រះក៏ដោយ ក៏នៅតែមានការរំខានក្នុងជីវិត ដែលនាំឲ្យយើងវង្វេងចេញពីព្រះអង្គ និងព្រះបន្ទូលព្រះអង្គ។ តែយើងអរព្រះគុណព្រះអង្គ ដែលយើងមានព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដែលមានព្រះទ័យអត់ធ្មត់ និងមេត្តា ហើយព្រះគុណព្រះអង្គតែងតែមានគ្រប់គ្រាន់ សម្រាប់យើងជានិច្ច សូម្បីតែនៅពេលដែលយើងចេះតែវង្វេងចេញពីព្រះអង្គក៏ដោយ!-Bill Crowder
គ្មានអគ្គីសនីប្រើប្រាស់
នៅចុងខែតុលា ឆ្នាំ២០១២ មានខ្យល់ព្យុះកំបុតត្បូងដ៏ធំមួយ បានវាយប្រហារមកលើ តំបន់ឥសាន្តនៃសហរដ្ឋអាមេរិក ដែលមានប្រជាជនរស់នៅច្រើន ហើយបានបណ្តាលឲ្យមានទឹកជំនន់ និងមហន្តរាយដ៏ធ្ងន់ធ្ងរ។ ក្នុងអំឡុងពេលខ្យល់ព្យុះកំពុងបក់បោកមក មានអតិថិជនជាង៨លាននាក់ មិនមានអគ្គីសនីប្រើប្រាស់។ ការខ្វះខាតអគ្គីសនីបានបណ្តាលឲ្យមានការខ្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងទឹក និងនាំឲ្យមានការអាក់ខានផ្នែកដឹកជញ្ជូន។ ខ្យល់ដែលបក់ថ្ងួចថ្ងូរ និងទឹកដែលបានឡើងយ៉ាងឆាប់រហ័ស បានបណ្តាលឲ្យតំបន់រស់នៅរបស់ប្រជាជន មានការខូតខាត លិចទឹក និងកកស្ទះដោយសារដីខ្សាច់ជាច្រើន ដែលគរជាពំនូកធំៗ។ ពេលនោះ សារពត៌មានបានផ្សព្វផ្សាយថា “មានមនុស្សរាប់លាននាក់គ្មានអគ្គីសនីប្រើប្រាស់”។
យ៉ាងណាមិញ សោកនាដកម្មដែលកើតឡើងចំពោះខ្លួនយើងផ្ទាល់ ច្រើនតែអាចធ្វើឲ្យយើងមានអារម្មណ៍ថា អស់កម្លាំង និងដូចជាស្ថិតក្នុងភាពងងឹត គឺមិនខុសពីព្យុះកំបុតត្បូងដែលកើតមានក្នុងធម្មជាតិឡើយ។ ក្នុងពេលបែបនេះ សូមយើងគិតអំពីព្រះបន្ទូលព្រះ ដែលបានចែងថា “ទ្រង់រមែងចំរើនកំឡាំង ដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកំឡាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ”(អេសាយ ៤០:២៩)។
ពេលយើងធ្លាក់ដល់ចំណុចទាបបំផុត ដោយខ្សោះអស់ទំាងកម្លាំងចិត្ត និងកម្លាំងកាយ នោះយើងអាចសង្ឃឹមដល់ព្រះអម្ចាស់ ហើយស្វែងរកកម្លាំងក្នុងព្រះអង្គ។ ព្រះអង្គបានសន្យាថា “តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកំឡាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាបដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ”(ខ.៣១)។ ព្រះជាប្រភពនៃអំណាចខាងវិញ្ញាណរបស់យើង ក្នុងពេលព្យុះនៃជីវិត។-David McCasland